វិធីជួយសង្គ្រោះអ្នកជំងឺដោយរលាក ភ្លើង ទឹកក្តៅ អាស៊ីត (How to save patients with burns, hot water, acid)

វិធីជួយសង្គ្រោះអ្នកជំងឺដោយរលាក ភ្លើង ទឹកក្តៅ អាស៊ីត!


  ការរលាកស្បែក គឺជាកាខូចខាតស្បែកនិងជាលិកានៅពីខាងក្រោមស្បែកដោយមូលហេតុផ្សេងៗដូចជាដោយសារកំដៅ (Thermique): ភ្លើង ទឹកក្តៅ ខ្លាញ់ក្តៅ ហ្គាសក្តៅឬឆេះស៊ាំង រលាកដោយឆក់ខ្សែភ្លើង អាស៊ីត កាំរស្មី ជាដើម។ល។

) កម្រិតនៃការរលាក៖
ប្រសិនបើការរលាកស្បែកចាប់ពី ២០%ឡើងទៅ វាបណ្តាលអោយមាន៖
 - ការឈឺចាប់ រលាកក្រហម ហើម រលួយ។
 -ក្តៅខ្លួនរឺត្រជាក់ខ្លួនបេះដួងដើរញាប់ដង្ហើមញាប់គ្រាប់ឈាមសឡើង។
 - បេះដូងនិងសរសៃឈាម: វាបណ្តាលអោយសម្ពាធឈាមចុះ សុក។
 -ផ្លូវដង្ហើមវាបណ្តាលអោយរលាកផ្លូវដង្ហើមរលាកសួតរឺហើមសួតធ្ងន់ធ្ងរ។
 - តម្រងនោម: វាបណ្តាលអោយខូចតំរងនោមដោយសារ៖
       + បាត់បង់ជាតិទឹកនៅក្នុងខ្លួន
       + ការខូចសាច់ដុំនៅពេលរលាកដោយការឆក់ខ្សែភ្លើង
       + មេរោគនៅក្នុងឈាម
       + តម្រងនោមពុលដោយសារថ្នាំផ្សះ

) មូលហេតុនៃការរលាកស្បែក៖
ការរលាកស្បែកគឺជាការបញ្ជូនថាមពលរវាងប្រភពកំដៅនឹងខ្លួនមនុស្សយើង។ មូលហេតុដែលបណ្តាលអោយរលាកស្បែកមាន:
   - ការរលាកដោយកំដៅ (Brûlure thermique):
    + ប៉ះផ្ទាល់ជាមួយ ភ្លើង ទឹកក្តៅ ប្រេងក្តៅ ភ្លើងធ្យូង ដុំដែកក្តៅ ។ល។
    + ការឆាបសាំង អាល់កុល ហ្គាស
   - ការឆក់ខ្សែភ្លើង (Brûlure électrique)
   - អាស៊ីត: ភាពធ្ងន់ធ្ងរវាទាក់ទងទៅនឹងប្រភេទអាស៊ីត បរិមាណអាស៊ីត កំហាប់អាស៊ីត និងរយៈពេលនៃការប៉ះពាល់។



) កត្តាប្រឈមគ្រោះថ្នាក់ ដែលធ្វើឲ្យអ្នករងគ្រោះមានសភាពធ្ងន់ធ្ងរ៖
   - អាយុៈ តិចជាង៥ឆ្នាំ រឺ ច្រើនជាង៦០ឆ្នាំ
   - ភាគរយនៃការរលាក ចាប់ពី ៤០% ឡើងទៅ
   - ការរលាកមានជម្រៅជ្រៅ
   - ការរលាកដោយមានការបឺតចូលផ្លូវដង្ហើមនូវផ្សែងពុល
   - មានការរលាកផ្លូវដង្ហើមរួមផ្សំ
   - មានការប៉ះទង្គិចរួមផ្សំ
   - ជនរងគ្រោះមានជំងឺរ៉ាំរ៉ៃប្រចាំកាយដូចជាៈ លើសឈាម ជម្ងឺទឹកនោមផ្អែម ជំងឺសួតរ៉ាំរ៉ៃ ។ល។

) វិធីជួយសង្គ្រោះ៖
ការជួយសង្គ្រោះបឋមគឺធ្វើឡើងដោយអ្នកឃើញហេតុការណ៍ផ្ទាល់ ឬអ្នកនៅជុំវិញជនរងគ្រោះទៅតាមប្រភេទ និងស្ថានការណ៍នីមួយៗ:
   - អ្នកជួយសង្គ្រោះត្រូវមានសុវត្ថិភាពខ្លួនឯងជាចំបងសិន។ ឧទាហរណ៍: ជនរងគ្រោះរលាកដោយសារការឆក់ខ្សែភ្លើង គឺយើងត្រូវបិទភ្លើងសិន។ បើរលាក
ដោយសារសារធាតុគីមីគឹយើងត្រូពាក់ម៉ាស់និងស្រោមដៃ។
   - បញ្ឈប់រាល់មូលហេតុដែលបណ្តាលអោយរលាកស្បែក។ យកជនរងគ្រោះចេញអោយឆ្ងាយពីប្រភពរលាក  ដោះសំលៀកបំពាក់ចេញនិងលាងសំអាតកន្លែងដែលរលាក។
   - ប្រើប្រាស់ទឹកស្អាត ឬទឹកម៉ាស៊ីនដើម្បីបន្ថយកំដៅ និងការឈឺចាប់។
   - ពន្លត់ភ្លើងក្នុងករណីមានការឆាបឆេះទៅលើជនរងគ្រោះ ដោអោយជនរងគ្រោះដេកនៅលើដី រួចរមៀលឬយកអ្វីមួយមកគ្របឬយកទឹកមកបាចពន្លត់។
   - ក្នុងករណីរលាកដោយសារសារធាតុគីមី ត្រូវលាងសំអាតនឹងទឹកអោយបានយូរ។
   - ប្រសិនបើខ្ទាតចូលភ្នែក ក៍ត្រូវលាងសំអាតភ្នែកនិងទឹកអោយបានយូរដែរ។
   - ត្រូវគ្របដណ្តប់អ្នកជំងឺរលាកភ្លើងដោយក្រណាត់ស្អាត រួចបញ្ជូនទៅមន្ទីរពេទ្យដែលនៅជិតជាបន្ទាន់។

   - អ្វីដែលយើងមិនត្រូវធ្វើមាន:
      + មិនត្រូវយក ម្សៅ ប្រេង ឬអ្វីផ្សេងៗ មកលាបលើមុខរបួសទេ
      + មិនត្រូវប្រើប្រាស់ទឹកកកទេ
      + មិនត្រូវលាងទឹកយូរពេក ដែលនាំអោយអ្នកជំងឺត្រជាក់ខ្លួនខ្លាំង ក៍ជាកត្តាគ្រោះថ្នាក់មួយដែរ។



) ការព្យាបាល៖
ប្រសិនបើកម្រិតនៃការរលាក ចំពោះក្មេងចាប់ពី ១០% ឡើងទៅ មនុស្សចាស់ចាប់ពី ២០% ឡើងទៅ សូមនាំអ្នកជំងឺមកមន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះ និងព្យាបាលឲ្យបានត្រឹមត្រូវ ជៀសវាងផលវិបាក និងជំងឺផ្សេងៗ ដែលកើតមានដោយសារការរលាក។


ក្រុមការងារជំនាញមន្ទីរពេទ្យកាល់ម៉ែតត្រៀមជានិច្ចដើម្បីចូលរួមបេសកម្មជួយសង្គ្រោះអាយុជីវិតអ្នកជំងឺយើងគ្រប់ស្ថានការណ៏ដែលកើតមានឡើង

Comments