មិនមែនអោយតែមានដំបៅអ្នកជំងឺទឹកនោមផ្អែមសុទ្ធតែមិនអាចព្យាបាលបានជាសះស្បើយនោះទេ (Not all ulcers, diabetes patients can not be cured)

មិនមែនអោយតែមានដំបៅអ្នកជំងឺទឹកនោមផ្អែមសុទ្ធតែមិនអាចព្យាបាលបានជាសះស្បើយនោះទេ!



នៅក្នុងស្រទាប់មហាជនបងប្អូនខ្មែរយើង មានការយល់ឃើញថាអ្នកជំងឺទឹកនោមផ្អែម អោយតែមានដំបៅជើងសុទ្ធតែមិនអាចព្យាបាលជាសះស្បើយ ហើយជួនកាលត្រូវការកាត់ជើងនោះទៀតផង។
តើការយល់ឃើញខាងលើនេះជាការពិត រឺយ៉ាងណាទេ?

ជំងឺទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃមួយប្រភេទ ដែលកំរិតជាតិស្ករនៅក្នុងឈាមរបស់អ្នកជំងឺកើនឡើង។ នៅពេលដែលអ្នកជំងឺ កើតជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃយូរ ពួកគាត់អាចប្រឈមមុខនឹងផលលំបាកមួយចំនួន ដែលក្នុងនោះមាន ដំបៅជើងផងដែរ។ ការដែលមានដំបៅជើងមានកត្តាជាច្រើន ដែលជាមូលហេតុបង្ក៖ 

) ដំបៅជើងដែលកើតដោយសារប្រព័ន្ធវិញ្ញាណនៅជើងរបស់អ្នកជំងឺមានការប្រែប្រួល (Neuropathy)។នៅពេលដែលអ្នកជំងឺកើតជំងឺទឹកនោមផ្អែមយូរ ពួកគាត់មានផលប៉ះពាល់ទៅលើប្រព័ន្ធវិញ្ញាណនៃជើងទាំងសងខាងរបស់ពួកគាត់។ ជើងរបស់គាត់ទៅជាស្ពឹក លែងដឹងក្តៅត្រជាក់ លែងដឹងការឈឺចាប់ ជួនកាលអាចមានអារម្មណ៍ដូចជាមានស្រមោចវារ បន្ទាប់មកទៀតអ្នកជំងឺអាចប្រឈមនឹងមានដំបៅ។ ដំបៅប្រភេទនេះភាគច្រើនកើតនៅតំបន់ដែលអ្នកជំងឺឈរសង្កត់ខ្លាំង រឺមួយក៏រឹបដោយស្បែកជើងដែលចង្អៀត ហើយវាមានគែមក្រាស។ នៅពេលចាប់ផ្តើមដំបូង អ្នកជំងឺមិនមានការឈឺចាប់នោះទេ ជូនកាលទៀតបើគាត់មិនបានចាប់អារម្មណ៍ រឺ មិនបានមកព្រឹក្សាជាមួយគ្រូពេទ្យ  គឺអាចមានបង្កជាការក្លាយរោគ (Infection)


) មូលហេតុទីពីរដែលបង្កអោយមានដំបៅគឺបណ្តាលមកពីការស្ទះសរសៃឈាម នៅពេលជំងឺទឹកនោមផ្អែម វិវឌ្ឍន៍រ៉ាំរ៉ៃយូរឆ្នាំ។ សរសៃឈាមនៅតាមចុងជើងរបស់អ្នកជំងឺបានស្ទះ ក្រិន ដូច្នេះហើយ អុកស៊ីហ្ស៊ែន និងចំណីអាហារដែលរត់ ទៅតាម សរសៃឈាមនោះ មិនអាចទៅចិញ្ចឹមកោសិកានៅចុងជើងរបស់អ្នកជំងឺបានទេ ដែលជាហេតុអាចធ្វើអោយអ្នកជំងឺមានដំបៅ (Arteriopathy)។ដំបៅប្រភេទនេះដំបូងឡើយគឺមានការឈឺចុកចាប់ ស្បែកអ្នកជំងឺចេញពណ៌ក្រហមរលោង ជ្រុះរោម មានការឈឺចាប់ខ្លាំង។ បន្ទាប់មក ជើងរបស់គាត់ប្រែពណ៌ទៅជាពណ៌ស្វាយ ឡើងត្រជាក់ រួចហើយចាប់ឡើងពណ៌ខ្មៅ។ ជួនកាលម្រាមមួយ ដែលអាចប៉ះពាល់ ជួនកាលម្រាមពីរ ហើយបើគាត់មិនបានមកព្រឹក្សាជាមួយគ្រូពេទ្យនោះទេ គឺអាចមានមេរោគបង្កក្លាយរោគ (Infection)ផងដែរ។


) ប្រភេទដំបៅទីបី គឺកើតឡើងដោយសារការរួមផ្សំគ្នានៃបញ្ហាប្រព័ន្ធវិញ្ញាណ (Neuropathy) និងការស្ទះសរសៃឈាម នៅចុងម្រាមជើង (Arteriopathy)។អ្នកជំងឺទឹកនោមផ្អែមដែលមានដំបៅនៅជើង មិនមែនមានន័យថាសុទ្ធតែព្យាបាលមិនជានោះទេ។ គ្រូពេទ្យអាចធ្វើរោគវិនិច្ឆ័យតាមរយៈការពិនិត្យ ការថតឆ្លុះដើម្បីអោយដឹងអំពីមូលហេតុដែលបណ្តាលអោយ មានដំបៅ ថាតើវាបណ្តាលមកពី Neuropathy រឺមួយ Arteriopathyរឺបណ្តាលមកពីការលាយគ្នារវាង  Neuropathy និង Arteriopathy


ហេតុដូច្នេះហើយពេលដែលបងប្អូនអ្នកជំងឺទឹកនោមផ្អែមមានដំបៅជើងសូមមេត្តារួសរាន់មកព្រឹក្សាជាមួយគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរកមូលហេតុដែលបង្កអោយមានដំបៅនោះ។ ការយឺតយ៉ាវណាមួយ ការមិនចាប់អារម្មណ៍ស្វែងរកការព្យាបាល រឺមួយក៏ការព្យាបាលមិនត្រឹមត្រូវតាមរយៈការប្រើឱសថបូរាណ រឺមួយថ្នាំបិទបំពោកទៅលើដំបៅនោះ ដោយមិនបានរកមូលហេតុអោយបានច្បាស់លាស់ គឺជាហានិភ័យធ្ងន់ធ្ងរ ដែលជួនកាលអាចវិវឌ្ឍន៍ឈានទៅរកការមើលមិនជា រឺកាត់អវយវៈ។

Comments