មូលហេតុដែលបណ្តាលឲ្យស្លាប់ភ្លាមៗ ចំពោះមនុស្សពេញវ័យ!
(Causes of adult sudden death)

ការស្លាប់ភ្លាមៗ ជាមូលហេតុនៃការស្លាប់ប្រហែល ៤សែននាក់ ក្នុងមួយឆ្នាំ នៅសហរដ្ឋអាមេរិក និងប្រហែលជា ៤ម៉ឺននាក់ នៅប្រទេសបារាំង ដែលមូលហេតុចម្បងគឺបណ្តាលមកពីជំងឺបេះដូង (ជំងឺនេះកើនឡើង សមាមាត្រនឹងអាយុ)។
នៅប្រទេសសឹង្ហបុរី ជំងឺបេះដូងគឺជាមូលហេតុទី២ នៃការស្លាប់ ស្មើនឹង ២៤% នៃការស្លាប់សរុប ដែលក្នុងនោះប្រមាណជា ២៤០០នាក់ មានជំងឺស្ទះសរសៃឈាមបេះដូង ហើយមនុស្សជិត ១០០០នាក់ក្នុងនេះបានរងគ្រោះដោយការគាំងបេះដូងភ្លាមៗ នៅកន្លែងផ្សេងៗក្រៅពីមន្ទីរពេទ្យ (ភាគរយសរុបនៃការរស់រានមានជីវិតក្នុងក្រុមនេះ មានប្រមាណតែ ២,៦%ប៉ុណ្ណោះ) ហើយមនុស្សរាប់រយនាក់ផ្សេងទៀត រងគ្រោះដោយគាំងបេះដូង នៅពេលទៅដល់មន្ទីរពេទ្យ។
- ជំងឺស្ទះសរសៃឈាមបេះដូង
- ការស្ទះផ្លូវដង្ហើមដោយវត្ថុផ្សេងៗ
- ការលង់ទឹក
- ជំងឺស្ទះសរសៃឈាមខួរក្បាល
- ការលេបថ្នាំហួសកម្រិត
- ការចងក
- ការហឺតផ្សែង
- ការឆក់ខ្សែភ្លើង
- អាល់លែកហ្ស៊ីធ្ងន់ធ្ងរ
- ការគ្រោះថ្នាក់ប៉ះទង្គិចធ្ងន់ធ្ងរ
ជំងឺស្ទះសរសៃឈាមបេះដូង ភាគច្រើនបណ្តាលមកពីការកកជាតិខ្លាញ់ ដែលស្ទះតាមសរសៃឈាមទៅចិញ្ចឹមបេះដូង (Coronary artery) ដែលគេហៅថា Atherosclerosis។ រោគសញ្ញានៃជំងឺស្ទះសរសៃឈាមបេះដូងរួមមានៈ
- តឹងណែនទ្រូង ឈឺទ្រូងផ្នែកខាងមុខខ្លាំង អាចរាលដាលទៅ ក ថ្គាម ដើមដៃ ឬស្មាទាំងសងខាង
- ជាទូទៅមានរយៈពេលយូរលើសពី ២០នាទី
- ហើយអាចមានសញ្ញារួមផ្សំដូចជាៈ បែកញើស ចង្អោរ ហត់ ឬអស់កំលាំង។
កត្តាបង្កគ្រោះថ្នាក់ នៃជំងឺស្ទះសរសៃឈាមបេះដូង (Risk factors of heart attack):
- កត្តាបង្កដែលមិនអាចកែប្រែបានមានៈ ភេទ តំណពូជ ជាតិសាសន៍ និងអាយុ
- កត្តាបង្កដែលអាចកែប្រែបានមានៈ
• ការលើសជាតិខ្លាញ់
• ការលើសសម្ពាធឈាម
• ជំងឺទឹកនោមផ្អែម
• ការជក់បារី
• ការមិនមានលំហាត់ប្រាណ
• ការលើសទម្ងន់
• ស្ត្រេស និងឆេវឆាវ។
ការស្លាប់ភ្លាមៗ អាចនឹងត្រូវបានជួយសង្គ្រោះក្នុងពេលបច្ចុប្បនុ្នៈ
- ឆាប់ស្គាល់នូវការស្លាប់ភ្លាមៗ ហើយទូរស័ព្ទហៅឡានសង្គ្រោះបន្ទាន់ 119 និងឆាប់ធ្វើការសង្គ្រោះបឋម
- ធ្វើការសង្គ្រោះចលនាបេះដូង និងសួតភ្លាមៗ (CPR: Cardio-Pulmonary Resuscitation)
- ឆាប់ធ្វើការឆក់បេះដូងភ្លាមៗ ដោយ AED (Automatic External Defibrillator)
- ឆាប់បញ្ជូនជនរងគ្រោះមកមន្ទីរពេទ្យជំនាញដើម្បីបន្តការព្យាបាល។
ការបង្រៀនចំណេះដឹងទូទៅនៃការសង្គ្រោះបឋមជាសាធារណៈ នៃការជួយសង្គ្រោះចលនាបេះដូង និងសួត មានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយអត្រាការស្លាប់ភ្លាមៗ ដែលភាគច្រើនកើតឡើងនៅក្រៅមន្ទីរពេទ្យ។
សកម្មភាពនៃការជួយសង្គ្រោះបន្ទាន់ នៅរយៈពេលប៉ុន្មាននាទីដំបូង គឺជាកត្តាចម្បងក្នុងការជួយដល់អាយុជីវិតជនរងគ្រោះ ហើយសកម្មភាពនេះ អាចធ្វើឡើងដោយពួកយើងទាំងអស់គ្នា និងនៅគ្រប់ទីកន្លែង ហើយអ្វីដែលចំាបាច់នោះគឺ ចំណេះដឹង និងរបៀបសង្គ្រោះបន្ទាន់ដែលត្រឹមត្រូវ។
Comments
Post a Comment