តើអ្នកជំងឺទឹកនោមផ្អែម ព្យាបាលធ្មេញដូចម្តេចទៅ? (How Does Diabetes Treat Dental Persons?)

តើអ្នកជំងឺទឹកនោមផ្អែម ព្យាបាលធ្មេញដូចម្តេចទៅ?



អ្នកជំងឺដែលមានបញ្ហាសុខភាព ជាពិសេសអ្នកជំងឺទឹកនោមផ្អែមគួរតែយកចិត្តទុកដាក់ផងដែរ ក្នុងការថែរក្សាសុខភាពមាត់ធ្មេញ។ គុណវិបត្តិជាច្រើននៃជំងឺទឹកនោមផ្អែមមានដូចជា ប៉ះពាល់ដល់ភ្នែក តម្រងនោម ប្រព័ន្ធប្រសាទ ជំងឺសរសៃឈាម ជំងឺសសៃឈាមរួមតូច ការជាសះនៃមុខរបួស ជំងឺអញ្ចាញ និងជាលិកាជុំវិញធ្មេញ។
ដូច្នេះហើយ យើងខ្ញុំសូមធ្វើការបកស្រាយពីផលប៉ះពាល់ដល់សុខភាពមាត់ធ្មេញដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋទុកជាចំណេះដឹងដ៏សំខាន់ផ្នែកសុខភាព។

) ផលប៉ះពាល់៖
ជំងឺទឹកនោមផ្អែមជះឥទ្ធិពលដល់សុខភាពមាត់ធ្មេញដូចជាៈ
- ស្ងួតមាត់
- ងាយកើតរោគពុកធ្មេញ
- មានការរលាកអញ្ចាញ និងជាលិកាជុំវិញអញ្ចាញស្រួចស្រាវ និងធ្វើឲ្យធ្មេញឆាប់រង្គើ
- មានឡើងជាពពួកផ្សិត ជាពិសេសលើអណ្តាត (Oral Candidiasis)
- មាន Oral Lichenoid reactions ដោយសារតែផលប៉ះពាល់នៃថ្នាំព្យាបាលជំងឺទឹកនោមផ្អែម
- Burning Mouth Syndrome: មានការក្តៅក្រហាយនៅក្នុងមាត់
- ក្រពេញទឹកមាត់ Parotid មានការរីកធំក្នុងករណីមួយចំនួនតូច (ហើមមុខ)


) តើជំងឺទឹកនោមផ្អែមជះឥទ្ធិពលអ្វីខ្លះដល់ការព្យាបាលមាត់ធ្មេញ?
- អ្នកជំងឺអាចបាត់បង់ស្មារតីពេលកំពុងធ្វើធ្មេញ ដោយសារចុះជាតិស្ករខ្លាំង (Hypoglycemia Coma) Diabetic Coma ដែលអាចបង្ករគ្រោះថ្នាក់ដល់ជីវិត។
- ការជាសះនៃមុខរបួសយឺត នឹងងាយបង្ករោគ។
- អ្នកជំងឺទឹកនោមផ្អែមអាចមានជំងឺផ្សេងទៀតរួមផ្សំ ដែលធ្វើឲ្យការព្យាបាលត្រូវការយកចិត្តទុកដាក់កាន់តែខ្ពស់ដូចជា ជំងឺលើសឈាម ជំងឺបេះដូង បញ្ហាតម្រងនោម ផ្សេងៗ។


 ៣) តើអ្នកជំងឺទឹកនោមផ្អែមអាចព្យាបាលធ្មេញដូចជាដកធ្មេញ ដាំបង្គោលក្នុងឆ្អឹង ឬវះកាត់ក្នុងមាត់បានដែរឬទេ?
- ករណីមួយចំនួនអាចធ្វើទៅបាន អាស្រ័យលើការវាយតម្លៃទៅលើស្ថានភាពជំងឺរបស់អ្នកជំងឺម្នាក់ៗទៅនឹងទំហំនៃការព្យាបាលធ្មេញ។
- ករណីមួយចំនួនទៀតដែលត្រូវធ្វើការវះកាត់ដោយដាក់ថ្នាំសន្លប់ (General Anesthesia) គឺត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
- គ្រប់ករណីទាំងអស់ ត្រូវការតាមដាន និងមានការយកចិត្តទុកដាក់ខ្ពស់ ដោយត្រូវមានការប្រឹក្សារវាងវេជ្ជបណ្ឌិតឯកទេសខាងជំងឺទឹកនោមផ្អែម ជាមួយទន្តបណ្ឌិត ដើម្បីរកដំណោះស្រាយជួយដល់អ្នកជំងឺ។


) តើអ្នកជំងឺទឹកនោមផ្អែមត្រូវថែរក្សា និងការពារនូវបញ្ហាមាត់ធ្មេញយ៉ាងដូចម្តេច?
-តាមដានសុខភាពជាមួយវេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែមឲ្យបានទៀងទាត់
- ពិនិត្យសុខភាពមាត់ធ្មេញឲ្យបានទៀងទាត់ ៦ខែម្តង
- សម្អាតធ្មេញ និងអនាម័យមាត់ធ្មេញជាប្រចាំ
- ប្រឹក្សាជាមួយទន្តបណ្ឌិត ក្នុងករណីដែលកើតឡើងប្លែកក្នុងមាត់។


មន្ទីរពេទ្យកាល់ម៉ែតមានក្រុមវេជ្ជបណ្ឌិតឯកទេសជាច្រើន ជាពិសេសនៅពេលលោកអ្នកមានបញ្ហាមាត់ធ្មេញ សូមអញ្ជើញមកព្រឹក្សាជាមួយទន្តបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានប្រសិទ្ធភាព និងសុវត្ថិភាពនៃការព្យាបាល ដោយមានការសហការល្អរវាងក្រុមវេជ្ជបណ្ឌិតឯកទេស ជាមួយទន្តបណ្ឌិតឯកទេសក្នុងការរកដំណោះស្រាយជូនដល់លោកអ្នក។

Comments