អត្ថប្រយោជន៍ នៃការឆ្លុះប្លោកនោម ដោយម៉ាស៊ីន ស៊ីស្តូស្កូពី
(Cystoscopie)
វាជាការប្រើប្រាស់ឧបករណ៍ទំនើប ដែលមានកាមេរ៉ាតូចមួយដើម្បីឆ្លុះពិនិត្យផ្ទាល់នៅក្នុងប្លោកនោមរបស់អ្នកជំងឺ។ ជាការពិនិត្យដែលងាយស្រួល លឿន ដោយរួមជាមួយការបាញ់ថ្នាំស្ពឹកបន្តិច។
១) ផលប្រយោជន៍របស់ការឆ្លុះប្លោកនោម៖
- ស្វែងរកភាពមិនប្រក្រតី ដែលអាចមាននៅបំពង់បង្ហួរនោមខាងក្រៅ ក្រពេញប្រូស្តាត និងជញ្ជាំង(ភ្នាស) របស់ប្លោកនោម។
- អាចច្រឹបសាច់ ដែលមិនប្រក្រតីទៅពិនិត្យ (Anapath)។
២) តើក្នុងករណីណាខ្លះដែលត្រូវធ្វើការឆ្លុះប្លោកនោម?
- អ្នកជំងឺដែលមានប្រវត្តិក្នុងគ្រួសារមានជំងឺមហារីកប្លោកនោម ឬអ្នកជំងឺផ្ទាល់
- អ្នកជំងឺមាននោមឈាម
- អ្នកជំងឺដែលមានការរលាកផ្លូវបង្ហួរនោមញឹកញាប់ ដោយគ្មានមូលហេតុច្បាស់លាស់
- អ្នកជំងឺដែលមានប្រវត្តិហូបស្រា និងជក់បារីច្រើន
- អ្នកជំងឺដែលពិបាកនោម ឬនោមមិនចេញ។
៣) តើយើងអាចមើលឃើញអ្វីខ្លះ?
នៅពេលធ្វើការឆ្លុះប្លោកនោម ដោយ Cystoscopie យើងអាចពិនិត្យឃើញៈ
- ការត្រៀតរួមតូចរបស់បំពង់នោមខាងក្រៅ
- ក្រពេញប្រូស្តាតរីកធំ
- រលាកប្លោកនោម
- គ្រួសក្នុងប្លោកនោម
- ដុំក្នុងប្លោកនោម។
ការឆ្លុះប្លោកនោមតាមរយៈ Cystoscopie គឺមានលក្ខណៈងាយស្រួល ដែលអាចកំណត់បាននូវរោគវិនិច្ឆ័យច្បាស់លាស់ ព្រមទាំងចំណេញពេលវេលាសម្រាប់អ្នកជំងឺដោយមិនត្រូវការសម្រាកពេទ្យ។
Comments
Post a Comment